សិស្សពូកែនិទ្ទេសA លំដាប់លេខ៣ ទូទាំងប្រទេស
ចែករំលែកគន្លឹះជោគជ័យក្នុងការសិក្សា
កាលបរិច្ឆេទចេញផ្សាយ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ 04:26:29 PM បានដាក់ស្នើដោយ
៖ ចេង ចំរើន
រាជធានីភ្នំពេញ៖ ប្អូនប្រុស ម៉ឹង វាសនា ជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
មកពីវិទ្យាល័យទួលទំពូង សម័យប្រឡងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥
កន្លងទៅនេះ និងជាបេក្ខជនមួយរូបទទួលបាននិទ្ទេស A លំដាប់លេខ៣
ទូទាំងប្រទេស ក្នុងកម្រិតពិន្ទុ ៩៩.៩៩៨ ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A
ទាំង១០៨នាក់។
ប្អូនប្រុស ម៉ឹង វាសនា មានដើមកំណើត
និងធំដឹងក្ដីនៅទីក្រុងភ្នំពេញ ក្នុងគ្រួសារដែលមានកម្រិតជីវភាពមធ្យម
ដោយមានលោកឪពុកជាមន្ត្រីរាជការ និងអ្នកម្ដាយជាអាជីវករ។
ការរស់នៅក្នុងកម្រិតជីវភាពសមរម្យ
អាចអនុញ្ញាតឲ្យវាសនាទទួលបាននូវការសិក្សាពេញបរិបូរណ៍
ដែលទាំងនេះធ្វើឲ្យប្អូនមានការដឹងគុណយ៉ាងធំធេងដល់អាណាព្យាបាលទាំងពីរ។
ក្រៅពីការសិក្សាចំណេះដឹងទូទៅ
ប្អូនវាសនាក៏ធ្លាប់បានសិក្សាភាសាអង់គ្លេស បារាំង និងកុំព្យូទ័របានបន្តិចបន្តួច
ព្រោះយល់ថាជំនាញទាំងនេះសំខាន់និងចាំបាច់នាពេលខាងមុខ។
យោងតាមការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដ៏តឹងតែងកន្លងទៅថ្មីៗនេះ
យើងអាចមើលឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ប្អូនៗបេក្ខជនទាំងឡាយ
ហើយវាសនាក៏ជាបេក្ខជនម្នាក់ក្នុងចំណោមនោះផងដែរ។ ប្អូនវាសនា
បានលើកឡើងថា៖ “ទោះបីជាបេក្ខជនទាំងអស់មានអត្តសញ្ញាណខុសគ្នា
ចិត្តគំនិត និងការរស់នៅផ្សេងៗគ្នា
ក៏ប៉ុន្តែអ្វីដែលពួកគេមានដូចគ្នាគឺការខិតខំប្រឹងប្រែង”។
ប្អូនបានបញ្ជាក់បន្ថែមថា៖
ការខិតខំប្រឹងប្រែង គឺសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា
ព្រោះរាល់ទង្វើទាំងឡាយកើតចេញពីចិត្តគំនិត
ប៉ុន្តែទំហំនៃភាពជោគជ័យវិញនោះ
វាអាស្រ័យលើកម្រិតនៃការខិតខំប្រឹងប្រែង តស៊ូ និងមិនបោះបង់ពេលជួបឧបសគ្គ។
តាមរយៈភាពជោគជ័យគួរឲ្យកត់សំគាល់លើការសិក្សាកន្លងមក
ប្អូនវាសនាមានគន្លឹះមួយចំនួន ដើម្បីចែករំលែកជាមួយប្អូនៗ សិស្ស
និស្សិតដែលកំពុងសិក្សា និងត្រូវប្រឡងនៅឆ្នាំក្រោយដូចតទៅ៖
(១)
ត្រូវខិតខំស្វែងយល់ពីខ្លួន និងស្វែងរកឲ្យឃើញនូវចំណុចខ្លាំង
ចំណុចខ្សោយរបស់ខ្លួន
បន្ទាប់មកខិតខំពង្រឹងបន្ថែមនូវចំណុចខ្វះខាតរបស់ខ្លួន
ក៏ដូចជាខិតខំបន្ថែមទៀតទៅលើចំណុចខ្លាំងរបស់យើងដើម្បីឲ្យកាន់តែប្រសើរឡើង។
(២)
ចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យម៉ោងសិក្សាមានសម្រាប់គ្រប់មុខវិជ្ជា
ទាំងអស់។ ក្រៅពីនេះ យើងក៏ត្រូវមានពេលវេលាខ្លះ ដើម្បីសម្រាក
ដើរកំសាន្ត ដើម្បីលំហែ កាយឲ្យរួចពីស្រេ្តស និងភាពតានតឹងផ្សេងៗ។
(៣)
ពង្រីកការយល់ដឹងបន្ថែមពី បំណិននៃការសិក្សារួមមាន ការរៀបចំកិច្ចការឲ្យមានសណ្ដាប់ធ្នាប់
សរសេរអក្សរឲ្យបានស្អាត មានឧបករណ៍ជំនួយដល់ការសិក្សាគ្រប់គ្រាន់
ការរំលឹកមេរៀនត្រៀមប្រឡង និងមានការប្រុងប្រយ័ត្នលើការឆ្លើយសំនួរ
ពីព្រោះការដែលយើងមានភាពហ្មត់ចត់លើ ការងារទាំងនេះ វាអាចជួយឲ្យយើងអាចបង្កើនពិន្ទុក្នុងពេលប្រឡងបានមួយចំនួន។
លើសពីនេះទៅទៀត
ប្អូនវាសនាក៏បានបន្ថែមថា ក្រៅអំពីការសិក្សានៅក្នុងថ្នាក់ហើយ
ការចូលរួមក្នុងកម្មវិធីសិក្ខាសាលា
សកម្មភាពនិងការងារសង្គមបន្តិចបន្តួចក៏មានប្រយោជន៍ណាស់ដែរ ក្នុងការបម្រើឲ្យការរៀនសូត្ររបស់យើង
ព្រោះវាជួយឲ្យយើងមើលឃើញបានឆ្ងាយ និងយល់បានទូលំទូលាយពីបរិបទសង្គម
និងការអនុវត្តន៍ផ្សេងៗក្នុងសង្គមជាក់ស្ដែងផងដែរ។
បន្ទាប់ពីបានបញ្ចប់ការប្រឡងដោយជោគជ័យ
ប្អូនក៏បានសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសម្រាប់សិក្សាថ្នាក់ឧត្ដមសិក្សារួចហើយ
ដោយវាសនាមានបំណងប្រឡងចូលរៀនផ្នែកវិទ្យាសាស្ត្រសុខាភិបាល(វេជ្ជបណ្ឌិត)
នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន
KQube ប្អូនវាសនាបានសង្កត់ធ្ងន់លើភាពចាំបាច់នៃជំនាញ ភាសាអង់គ្លេស
ដែលជាភាសាសំខាន់ សម្រាប់ទំនាក់ទំនងការងារទាំងក្នុងស្រុក
និងក្នុងឆាកអន្តរជាតិ។ ប្អូនក៏បានលើកឡើងផងដែរថា
នៅពេលសមាហរណកម្មអាស៊ានចូលមកដល់ ភាសាអង់គ្លេសនេះហើយដែលចាំបាច់បំផុត
ព្រោះទីផ្សារការងារនឹងកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ាន
តែផ្ទុយទៅវិញវានឹងរឹតតែតូចចង្អៀតប្រសិន
បើយើងគ្មានជំនាញភាសាអង់គ្លេសច្បាស់លាស់
ហើយវាអាចជាបញ្ហាប្រឈមសម្រាប់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃផងដែរ។
សព្វថ្ងៃវាសនាកំពុងសិក្សាភាសាអង់គ្លេសនៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន
(CAM-ASEAN) ហើយក៏ជាបេក្ខជនត្រៀមប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈ (SpringBoard
English Speaking Championship 2016) ដែលនឹងប្រព្រឹត្តទៅនាដើម
ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។
ទាំងការប្រឹងប្រែងសិក្សាថ្នាក់ចំណេះទូទៅ
និងការពង្រឹងបន្ថែមនូវជំនាញភាសាអង់គ្លេសនៅ CAM-ASEAN ធ្វើឲ្យប្អូនមានសក្ដានុពលខ្ពស់ក្នុងការ
រៀបចំដំណើរជីវិតឆ្ពោះទៅរកភាពត្រចះត្រចង់ក្នុងអាជីពការងារនាពេលអនាគត៕